Jude

1ខ្ញុំយូដាស​ជា​បាវបម្រើ​របស់​ព្រះ​យេស៊ូគ្រិស្ដហើយ​ជា​បងប្អូន​របស់​លោក​យ៉ាកុប​ជូន​ចំពោះ​អស់​អ្នក​ដែល​ព្រះអង្គ​បាន​ត្រាស់ហៅ​គឺ​អស់​អ្នក​ព្រះជាម្ចាស់​ដ៏​ជា​ព្រះ​វរ​បិតាស្រលាញ់ហើយរក្សាទុក​សម្រាប់​ព្រះ​យេស៊ូគ្រិស្ដ 2សូមឲ្យ​អ្នករាល់គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​មេត្ដា​ករុណាសេចក្ដីសុខសាន្ដនិង​សេចក្ដី​ស្រលាញ់​កាន់​តែ​ច្រើនឡើងៗ 3បងប្អូនជា​ទីស្រលាញ់​អើយ! ​នៅពេល​ខ្ញុំ​ខ្នះខ្នែងយ៉ាងខ្លាំង​ដើម្បី​សរសេរ​មក​ឯ​អ្នករាល់គ្នាអំពីសេចក្ដីសង្គ្រោះ​ដែល​យើង​បាន​ទទួល​រួមគ្នា​នោះ​ខ្ញុំ​យល់​ឃើញ​ថា​ខ្ញុំ​ត្រូវតែសរសេរដាស់តឿនអ្នករាល់គ្នា​ឲ្យ​ខំតយុទ្ធ​ដើម្បី​ជំនឿ​ដែល​បាន​ប្រគល់​មកពួកបរិសុទ្ធមួយ​ដង​ជា​សម្រេច 4ដ្បិតមាន​មនុស្សខ្លះ​បាន​ជ្រៀត​ចូល​មក​ដោយ​លួច​លាក់​គឺជា​ពួក​ដែល​ត្រូវ​បាន​កត់ទុកតាំងពីដើម​មក​សម្រាប់ការជំនុំជម្រះនេះ​ពួកគេ​ជា​មនុស្ស​មិន​គោរព​កោត​ខ្លាច​ព្រះជាម្ចាស់​គេ​បាន​ផ្លាស់ប្ដូរ​ព្រះ​គុណរបស់ព្រះជាម្ចាស់​នៃ​យើងទៅការល្មោភកាមហើយបដិសេធ​មិនព្រម​ទទួល​ស្គាល់​ព្រះ​យេស៊ូគ្រិស្ដ​ជា​ចៅហ្វាយនិង​ជា​ព្រះអម្ចាស់តែ​មួយ​គត់​របស់​យើង​ទេ។ 5អ្នករាល់គ្នាបាន​ដឹង​សេចក្ដី​ទាំងនេះ​រួច​ហើយប៉ុន្ដែ​ខ្ញុំ​ចង់រំឭកអ្នករាល់គ្នាថាព្រះអម្ចាស់​បាន​សង្គ្រោះប្រជាជន​របស់​ព្រះអង្គ​ឲ្យ​ចេញ​ផុត​ពីទឹកដី​ស្រុក​អេស៊ីព្ទក្រោយមកទៀត​ព្រះអង្គ​ក៏​បំផ្លាញ​ពួក​អ្នក​ដែល​មិនជឿ 6រីឯពួក​ទេវតាដែលមិន​បាន​រក្សាឋានៈ​របស់​ខ្លួនហើយ​បាន​បោះ​បង់​ចោលលំនៅរបស់ខ្លួន​នោះ​ព្រះអង្គ​បាន​ឃុំទុកក្នុងទីងងឹត​ទាំង​ជាប់​ចំណងអស់កល្បជានិច្ច​ទុក​សម្រាប់ជំនុំជម្រះ​នៅ​ថ្ងៃ​ដ៏​អស្ចារ្យ​នោះ 7ដូចជា​ក្រុង​សូដុម​ក្រុង​កូម៉ូរ៉ានិងក្រុង​ផ្សេង​ទៀត​ដែល​នៅ​ជុំ​វិញ​នោះ​ដែរ​ដែល​បាន​ប្រព្រឹត្ដ​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទហើយដេញតាមចំណង់រួមភេទខុសធម្មតា​ដូចជា​ពួក​ទេវតា​ទាំង​នោះ​ដែរ​ពួកគេ​ត្រលប់ជាគំរូ​អំពី​ការ​ទទួលទណ្ឌកម្ម​នៅក្នុង​ភ្លើងអស់កល្បជានិច្ច 8ទោះជាយ៉ាងណាក៏ដោយមនុស្ស​ទាំង​នោះ​ក៏​ដូច្នោះដែរ​ពួកគេ​រវើរវាយ​ហើយ​ធ្វើ​ឲ្យ​រូបកាយ​ទៅ​ជា​ស្មោកគ្រោកទាំងបដិសេធអំណាចគ្រប់គ្រងនិងជេរប្រមាថ​ដល់​ពួក​អ្នក​ដែល​ប្រកប​ដោយសិរីរុងរឿង​ផង។ 9រីឯមហាទេវតាមីកែលពេល​គាត់​ជជែកដេញដោល​និង​ឈ្លោះប្រកែក​ជាមួយ​អារក្សសាតាំងអំពីសពរបស់​លោក​ម៉ូសេ​នោះ​គាត់​មិនហ៊ានចោទប្រកាន់​វា​ដោយ​ពាក្យម្រមាថឡើយគឺ​គាត់​បាន​និយាយថា៖ ​«សូម​ឲ្យ​ព្រះអម្ចាស់​បន្ទោស​ឯងចុះ»។ 10រីឯអ្នក​ទាំង​នោះ​វិញ​ពួកគេ​ប្រមាថអ្វីៗ​ដែល​ខ្លួន​មិនស្គាល់ហើយអ្វីៗ​ដែល​ពួកគេ​ស្គាល់តាមធម្មតាដូចសត្វតិរិច្ឆាន​ពួកគេ​នឹង​វិនាសដោយសារ​សេចក្ដី​ទាំងនោះ​វិញ។ 11វេទនាដល់​អ្នក​ទាំង​នោះ​ហើយ​ពីព្រោះ​ពួកគេ​បាន​ទៅ​តាម​ផ្លូវរបស់កាអ៊ីននិង​បាន​ស្ទុះ​ចូល​ទៅក្នុងសេចក្ដីវង្វេង​របស់​បាឡាម​ដើម្បី​បាន​កម្រៃហើយ​បាន​វិនាសនៅក្នុង​ការ​បះបោ​របស់​កូរេ 12មនុស្សទាំង​នោះជាស្នាមប្រឡាក់នៅក្នុង​ពិធី​បរិភោគ​អាហារ​រួមគ្នា​ដោយ​ក្ដី​ស្រលាញ់របស់អ្នករាល់គ្នា​ពួកគេ​បរិភោគ​ជាមួយ​អ្នករាល់គ្នា​ដោយ​ឥត​ភ័យ​ខ្លាច​ឡើយ​ពួកគេ​ចិញ្ចឹម​តែ​ខ្លួនឯង​ទេ​ពួកគេ​ជា​ពពកគ្មានទឹក​ដែល​ត្រូវ​ខ្យល់បក់​ផាត់​ទៅ​មក​ជា​ដើមឈើ​នៅ​រដូវត្រជាក់​ដែល​គ្មានផ្លែងាប់ពីរដង​ហើយ​ត្រូវ​រម្លើងឫស 13ពួកគេជា​រលកសមុទ្រ​ដ៏​កំណាច​ដែល​បែកពពុះ​ចេញ​ជា​សេចក្ដីអាម៉ាស់​របស់​ខ្លួនឯង​ជា​ផ្កាយវង្វេង​ទិស​ដែល​មាន​សេចក្ដីងងឹតសូន្យសុងអស់កល្បជានិច្ច​បាន​បម្រុងទុក​សម្រាប់​ពួកគេ 14លោកហេណុក​ដែល​ជា​តំណ​ទីប្រាំពីរ​បន្ទាប់​ពី​លោក​អ័ដាម​គាត់​បាន​ថ្លែងទុក​អំពី​មនុស្ស​ទាំងនោះថាមើល៍ព្រះអម្ចាស់​បាន​យាងមកជាមួយពួកបរិសុទ្ធរបស់ព្រះអង្គជា​ច្រើន​អនេក 15ដើម្បីជំនុំជម្រះ​មនុស្ស​ទាំងអស់ហើយបង្ហាញពួកគេគ្រប់គ្នា​ឲ្យ​ដឹង​កំហុស​អំពី​ការប្រព្រឹត្ដិទាំងឡាយរបស់ពួកគេ​ដោយ​មិន​គោរព​កោតខ្លាច​ព្រះជាម្ចាស់ដែល​ពួកគេ​បាន​ប្រព្រឹត្ដនិងអំពី​ពាក្យ​សំដី​អសុរោះទាំងឡាយដែលមនុស្សបាបមិន​គោរព​កោតខ្លាច​ព្រះជាម្ចាស់​បាន​និយាយទាស់នឹងព្រះអង្គ 16មនុស្សទាំង​នោះជា​ពួក​រអ៊ូរទាំ​ហើយ​ត្អូញត្អែរ​ពួកគេ​រស់នៅតាម​សេចក្ដី​ប៉ងប្រាថ្នា​របស់​ខ្លួន​ហើយ​មាត់របស់ពួកគេនិយាយ​ពាក្យ​អួតអាង​ពួកគេ​តែងតែ​បញ្ចើចបញ្ចើមនុស្សដើម្បីផលប្រយោជន៍ 17បងប្អូន​ជា​ទី​ស្រលាញ់​អើយ! ​ចូរ​នឹកចាំ​ពី​ពាក្យ​ដែល​ពួក​សាវក​របស់​ព្រះ​យេស៊ូគ្រិស្ដ​ជា​ព្រះអម្ចាស់​នៃ​យើង​បាន​ប្រាប់​ជាមុន​រួច​ហើយ 18ពួកគាត់​បាន​ប្រាប់អ្នករាល់គ្នាថានៅគ្រាចុង​ក្រោយ​បំផុត​នឹង​មាន​មនុស្ស​ចំអក​ពួកគេ​រស់នៅតាម​សេចក្ដី​ប៉ងប្រាថ្នា​របស់​ខ្លួន​ដែល​មិន​គោរព​កោតខ្លាច​ព្រះជាម្ចាស់ 19អ្នកទាំងនេះជាអ្នកធ្វើ​ឲ្យ​មាន​ការបែកបាក់​ជា​មនុស្ស​ខាង​សាច់​ឈាម​ហើយ​គ្មាន​ព្រះ​វិញ្ញាណទេ 20រីឯអ្នករាល់គ្នាវិញ​បងប្អូន​ជា​ទី​ស្រលាញ់​អើយ! ​ចូរ​ស្អាងខ្លួនឡើង​នៅក្នុង​ជំនឿ​ដ៏​បរិសុទ្ធបំផុតរបស់អ្នករាល់គ្នា​ទាំង​អធិស្ឋានក្នុង​ព្រះ​វិញ្ញាណបរិសុទ្ធ​ចុះ 21ចូររក្សាខ្លួនក្នុង​សេចក្ដី​ស្រលាញ់​របស់​ព្រះជាម្ចាស់​ចុះ​ទាំង​ទន្ទឹងរង់ចាំសេចក្ដី​មេត្តា​ករុណារបស់​ព្រះ​យេស៊ូគ្រិស្ដ​ជា​ព្រះអម្ចាស់​នៃ​យើងសម្រាប់ជីវិតអស់កល្បជានិច្ច 22ចូរមេត្តា​ដល់​អ្នក​ខ្លះ​ដែល​សង្ស័យ 23ហើយជួយ​សង្គ្រោះអ្នកដទៃ​ដោយ​ឆក់យក​ពួកគេ​ចេញ​ពីភ្លើង​ផង។ ​ចូរ​មេត្តា​ដល់​អ្នក​ខ្លះ​ទៀត​ទាំង​ភ័យខ្លាច​ព្រមទាំង​ស្អប់ខ្ពើមសូម្បីតែអាវ​ដែល​ស្មោកគ្រោកដោយសាររូបកាយ​របស់​គេ។ 24សូមឲ្យ​ព្រះអង្គ​ដែល​អាចរក្សាអ្នករាល់គ្នាមិន​ឲ្យ​ជំពប់​ដួលនិង​បាន​ដាក់​អ្នករាល់គ្នា​ឲ្យ​នៅពីមុខសិរីរុងរឿងរបស់ព្រះអង្គ​ដោយ​ឥត​បន្ទោស​បាននិង​ដោយ​មាន​អំណរ 25គឺជា​ព្រះជាម្ចាស់តែមួយ​ដែល​ជា​ព្រះអង្គសង្គ្រោះ​របស់​យើងតាមរយៈ​ព្រះ​យេស៊ូគ្រិស្ដ​ជា​ព្រះអម្ចាស់​របស់​យើង​បាន​ប្រកប​ដោយ​សិរីរុងរឿងភាពឧត្ដុង្គឧត្ដម​ព្រះ​ចេស្ដានិងសិទ្ធិអំណាចតាំងពីមុនអស់កល្បជានិច្ចទាំង​នៅពេល​ឥឡូវនេះដរាបអស់កល្បជានិច្ច។ ​អាម៉ែន
Copyright information for KhmKCB